ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាលណែនាំនិស្សិតដែលទៅសិក្សានៅប្រទេសវៀតណាមត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩

ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយនិស្សិត ដែលបានប្រឡងជាប់អាហា រូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៥ឆ្នាំ ចំនួន០៤រូប ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់សិស្ស ដើម្បីលើកទឹក ចិត្ត និងផ្ដល់អនុសាសន៍ល្អសម្រាប់ពួកគាត់។

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាធន ធានដ៏មានសមត្ថភាព សម្រាប់បម្រើសង្គម និងប្រទេសជាតិ។

ឯកឧត្ដមបានបន្តថា ក្នុងពេលបច្ចុប្បន្នមិនថា ប្រទេសកម្ពុជា និងប្រទេសលើសកលលោកបាននិងកំពុងជួបវិបត្តិនៃជំងឺរាលត្បាតជំងឺកូវីដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមត្រូវការពារខ្លួនកុំឲ្យឆ្លងជំងឺកូវិដ-១៩ ដោយមានអនាម័យជាប្រចាំ ហើយឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង ៤រូបនូវថវិកា ក្នុងម្នាក់១លានរៀលផងដែរ។

សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាមមានចំនួន៤នាក់ ៖ ទី១ ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញ ហិរញ្ញវត្ថុធនាគារ។ ទី២ ឈ្មោះ ស្រ៊ុន សុវណ្ណរ័ត្ន ភេទប្រុស មុខជំនាញ IT។ ទី៣ ឈ្មោះ ធឿន បញ្ញា ភេទស្រី មុខជំនាញបច្ចេកវិទ្យាចំណីអាហារ និងទី៤ ឈ្មោះ សាស់ រក្សា ភេទស្រី មុខជំនាញ បច្ចេកវិទ្យាចំណីអាហារ និស្សិតទាំង៤រូបត្រូវទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល៥ឆ្នាំ។

គួររំលឹកដែរថា យោងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៦ ខែដើមឆ្នាំ២០១៩ និងទិសដៅការងារ៦ខែចុងឆ្នាំ២០១៩ ភាគីខេត្តអានយ៉ាងបានឯកភាពផ្តល់អាហារូបករណ៍ចំនួន០៦កន្លែងដល់សិស្សនិស្សិតខេត្តកណ្តាល ដើម្បីទៅសិក្សានៅសកលវិទ្យាល័យអានយ៉ាង ខេត្ត អានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *