ព័ត៌មានជាតិ

ប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទឹកថ្លា ស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំនប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិករដ្ឋបាលឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ តំណាងអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ និងប្រជាពលរដ្ឋមូលដ្ឋាន ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយសមិទ្ធផលទាំងនោះគឺជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាឃុំ បន្តពង្រីកពង្រឹងថែមទៀតដើម្បីអភិវឌ្ឍឃុំ ភូមិរបស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដមសូមស្វាគមន៍ និងអបអរសាទរចំពោះលោក ជួប បាន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំទឹកថ្លា លោក សឹម អេល ជំទប់ទី១ លោកស្រី ហុ ទាន ជំទប់ទី២ និងលោក តេះ ហាលីម សមាជិកក្រុមប្រឹក្សាឃុំទឹកថ្លា ដែលត្រូវបានទទួលស្គាល់ស្រប តាមប្រកាសលេខ ២៨២៦ ប្រក. ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឈរលើមូលដ្ឋានច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែកជាធរមាន និងសូមប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” និងបាវចនាពីរគឺ ” កែទម្រង់ខាងក្នុង ” និង ” បង្កើតមិត្តខាងក្រៅ ” ដោយសា្មរតីឯករាជ្យ។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្ដមអភិបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយពីការអនុវត្ត​កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *