ព័ត៌មានជាតិ

រដ្ឋមន្រ្តីសង្គមកិច្ច ៖ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្ត្របង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើមី្បកុមារ (ក.ជ.ក) ដោយមានការសហការគាំទ្រ​ពី អង្គការភ្លែន​អន្តរជាតិកម្ពុជា ​និងអង្គការឆាលហ្វាន់ បានរៀបចំប្រារព្ធ​ពិធីផ្សព្វផ្សាយអបអរសាទរ​​​ និង​ដាក់​ឲ្យប្រើ​ប្រាស់គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារដែលបានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។​​

ពិធីនេះប្រារព្ធធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទាទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នឹងមានការអញ្ជើញពីក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ វិស័យឯកជន​ ​និងកុមារ ចំនួនប្រមាណ១៩០នាក់។

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍ថា គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្ត្របង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តកន្លងមក និងចាំបាច់ត្រូវធ្វើការពង្រឹង និងពង្រីកបន្ថែមទៀត និងជាគោលនយោ​បា​យជាតិដែលត្រូវបានរៀបចំឡើងជាលើកដំ​បូងសម្រាប់រយៈពេល១០ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូល​ផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើង»។

លោកជំទាវ ញ៉េប ​សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថាៈគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាគោលនយោបាយមួយដែលបានបង្ហាញយ៉ាងច្បាស់ ពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ ​និងការការពារកុមារ ព្រមទាំងការដោះស្រាយបញ្ហាកុមារនៅកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ​ហើយជាពិសេស គោលនយោបាយនេះជាស្នាដៃតាក់តែងចងក្រងរួមគ្នាដោយ ក្រុមការងារអន្តរក្រសួងនៃគណៈកម្មការការពារកុមារថ្នាក់ជាតិ។​

ប្រព័ន្ធកិច្ចការពារកុមារ គឺជាការប្តេជ្ញាចិត្តខិតខំជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការអនុវត្តកិច្ចការពារកុមារ ដែលមានលក្ខណៈជាប្រព័ន្ធនៅកម្ពុជា រួមមាន ៖​ ១-​ភាពចាំបាច់ក្នុងការវិនិយោគបន្ថែម លើមន្ត្រីសង្គមកិច្ចឬបុគ្គលិកសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញសេវាការពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាដល់កុមារនិងគ្រួសារនៅតាមសហគមន៍។ ២-​ការបន្តធានាឱ្យកុមារទទួលបាននូវសេវាផ្លូវច្បាប់​និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់អប្បរមា​នៃសេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ​។ ៣-​ការឆ្លើយតបចំពោះគ្រោះមហន្តរាយដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់កុមារ និងគ្រួសារកុមារ។ ៤-​ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពឱ្យបានទូលំទូលាយ។ ៥-​ការធានានូវសង្គតិភាពនៃនីតិវិធី វិធានការ និងយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហារបស់កុមារ ដើម្បីបំពេញនូវតម្រូវការ​និងធានាការពារកុមារ ប្រកបដោយបរិយាកាសគ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានល​ក្ខណៈកុមារមេត្រី និងធានាឧត្តមប្រយោជន៍របស់កុមារ។

ជាមួយគ្នានេះដែរ ប្រព័ន្ធកិច្ចការពារកុមារ គឺជាបណ្តុំនៃវិធានបង្កើតឡើងក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការការពារកុមារពីការរំលោភបំពាន និង​ការកេងប្រវ័ញ្ចគ្រប់រូបភាព​។ វិធានទាំងនេះរួមមាន (១)-ក្របខណ្ឌច្បាប់និងគោលនយោបាយ (២)-ការផ្តល់ជំនួយ​និងសេវា (៣)-ធនធានមនុស្សនិងហិរញ្ញវត្ថុ និង(៤)-ការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តទៅលើកុមារ ដែលវិធានទាំងនេះត្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យសុខុមាលភាពសង្គម អប់រំសុខភាព សន្តិសុខ និងយុត្តិធម៌ ក្នុងការគាំទ្រដល់ការបង្ការទប់ស្កាត់និងឆ្លើយតប ដើម្បីការពារកុមារពីហានិភ័យផ្សេងៗ។

ក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារផ្អែកលើសសរស្តម្ភ៣ គឺ (១)ការបង្ការទប់ស្កាត់ (២)ការអន្តរាគម (៣)ការផ្តល់សេវា និងការឆ្លើយតប ដែលយើងត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ។ សសរស្តម្ភនីមួយៗមានទិដ្ឋភាពរួមរបស់វានិងមានបញ្ហាប្រឈមដែលនាំទៅដល់បង្កើតយុទ្ធសាស្ត្រ និងវិធានការឬសកម្មភាពផ្សេងៗគ្នាទៅតាមករណីខុសៗគ្នាដែលកើតមានឡើង។ រាល់សកម្មភាពទាំងនោះ នឹងត្រូវបានអនុវត្តក្នុងក្របខណ្ឌគោលនយោបាយជាតិទៅតាមក្របខណ្ឌ និងផែនការសកម្មភាពពាក់ព័ន្ធដល់គ្រប់ក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធដែលចាំបាច់ត្រូវធ្វើការងារទាំងនោះស្របតាមគោលនយោបាយនេះ ដែលនឹងកំណត់នៅក្នុងផែនការសកម្មភាពនាពេលខាងមុខ។

នាយិកាប្រចាំ​ប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រីគ្វីន​នេត វ៉ងមានប្រសាសន៍ថា ដើម្បី​ឈានមក​ដល់​ថ្ងៃ​នេះ​​ ដំណើរ​ការ​នៃ​ការ​ផ្តួចផ្តើ​មគំនិត និង​ចង​ក្រង គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ នេះ​​បាន​ចាប់​ ​ផ្តើម​កាល​ពី​៣ឆ្នាំ​មុនពោលគឺក្នុង​ឆ្នាំ២០១៧។ អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការ​ឆាលហ្វាន់ និង​ដៃ​គូរ​ទាំង​អស់​ពិត​ជា​មានសេចក្តីសោមនស្សរីករាយដែល​បាន​ចូល​រួម​គាំទ្រ​ក្នុង​ដំណើរការ​នៃ​ការចង​ក្រងគោលនយោបាយ​ជាតិដ៏​មាន​សារសំខាន់​​នេះ ក៏ដូចជា​​បាន​ចូលរួមផ្សព្វផ្សាយ ​និង​ដាក់​ឲ្យប្រើ​ប្រាស់ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបាននូវសិទ្ធិ ស្មើៗគ្នាដើម្បី​សមធម៌​ និង​យុត្តិធម៌សង្គម​»។

អ្នកស្រីគ្វីន​នេត បន្តទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជាមានសេចក្តីរីករាយដែលបានចូលរួមការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាការពារកុមារជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើងដើម្បីសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការតស៊ូមតិដើម្បីកុមារ ទទួលបានសិទ្ធិការពារ ​ជួយកសាងសមត្ថភាពបុគ្គលិកសង្គមនៅគ្រប់កម្រិត និងផ្តល់សេវាដោយផ្ទាល់ដល់កុមារ គ្រួសារ និងសហគមន៍ងាយរងគ្រោះ ជាពិសេស​ក្មេង​ស្រី និង​ស្ត្រី”៕

adm

Leave a Reply

Your email address will not be published. Required fields are marked *