ព័ត៌មានជាតិ

មន្ទីរបរិស្ថានខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌មានស្តីពីការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់

ខេត្តព្រះសីហនុ ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានសូមគោរពជម្រាបជូន បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឲ្យបានជ្រាបថា ក្រោយពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា ១ នៃអនុក្រឹត្យលេខ ៧៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយមក ស្ថានភាពនៃសកម្មភាពបទល្មើស កាប់ឆ្ការព្រៃក្រៀវដើមឈើ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់យកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ក្នុងតំបន់ការពារ ត្រូវបានសមត្ថកិច្ចបរិស្ថានយើងចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។

ក្នុងពេលថ្មីៗនេះ សកម្មភាពនៃការចូលទន្ទ្រានកាន់កាប់ដីរដ្ឋនេះ មានការកំរើកឡើងគួរអោយកត់សម្គាល់ជាពិសេស នៅចំណុចភូមិសាស្ត្រភ្នំត្រងោល ភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្កឡើងដោយប្រជាពលរដ្ឋអនាធិបតេយ្យចូលទៅទន្ទ្រានកាន់កាប់ទិញ-លក់ដី និងបង្កបង្កើតចលនាតវ៉ារារាំងមិនអោយកម្លាំងសមត្ថកិច្ចបរិស្ថានយើងអនុវត្តវិធានការទប់ស្កាត់បទល្មើសបាន។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុបានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះអនុវត្តវិធានការទប់ស្កាត់បទល្មើសនៅលើទីតាំងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើ បានជួបប្រទះជាមួយប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រហែល៣០នាក់ ដែលបានធ្វើសកម្មភាពបទល្មើស ដោយរួមមានការកាប់ទន្ទ្រាន ឆ្ការព្រៃ ដាំដំណាំថ្មីៗ សង់ខ្ទម ទិញ-លក់ដី និងបោះបង្គោលរបងហ៊ុព័ន្ធកាន់កាប់ជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យ។

ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យទាំងនោះ កម្លាំងមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានធ្វើការអប់រំណែនាំប្រជាពលរដ្ឋទាំងនោះឲ្យចាកចេញពីទីតាំងដូចរៀបរាប់ខាងលើដោយសន្តិវិធី ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងនោះ បានធ្វើការរារាំង តវ៉ា និងប្រឆាំងនឹងការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់។ ដោយអនុវត្តវិធានការរដ្ឋបាលគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន០២នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *