ព័ត៌មានជាតិ

សិលាចារឹក​ដែល​រកឃើញ​នៅ​ប្រាសាទទន្លេស្ងួត​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​សិលាចារឹក​

សៀមរាប​៖​សិលាចារឹក​ភាសា​សំ​ស្ត្រឹ​ត​មួយ​ផ្ទាំង​មាន​អក្សរ​៥៥​បន្ទាត់​កម្ពស់​១០០​ស​.​ម​. ទទឹង​៤០​ស​.​ម​. និង​កម្រាស់​២០​ស​.​ម ដែល​បាន​រកឃើញ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទទន្លេស្ងួត កាលពី​ខែមិថុនា​ឆ្នាំ​២០២០​កន្លងទៅ​។​
​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តាមរយៈ​លោក​សាស្ត្រាចារ្យ​អាំង​ជូ​លាន​ទីប្រឹក្សា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានស្នើ​សុំឱ្យ​អ្នកជំនាញ​ផ្នែក​សិលាចារឹក​ខ្មែរ​មួយក្រុម ហៅថា “ Corpus des InscriptionsKhmères(CIK)”​ដែល​ភាគច្រើន​សមាជិក​ក្រុម​នេះ​ជា​អ្នក​បម្រើការ​នៅ​សាលា​បារាំង​ចុង​បូព៌ា​ជួយ​ចុះបញ្ជី​សារពើ​ភណ្ឌ​។

​លោក​ទិន​ទីណា​អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា​សិលាចារឹក​ដែល​រកឃើញ​នៅ​ប្រាសាទទន្លេស្ងួត​នេះ​ប្រហែលជា​សិលាចារឹក​ពុំទាន់​ចុះបញ្ជី​និង​ពុំទាន់​មាន​អ្នក​បានឃើញ​ពីមុនមក​ទេ​។​ព្រោះ​សិលាចារឹក​នេះ​ជា​ថ្ម​ចាស់​យក​ពី​កន្លែង​ផ្សេង​មក​កសាង​ប្រាសាទទន្លេស្ងួត (​ធ្វើជា​កម្រាល​ផ្លូវ​ដើរ​) ដែល​កសាង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។​

​ដោយឡែក​បើ​ពិនិត្យ​លើ​ទម្រង់​អក្សរ​សិលាចារឹក​នេះ​វិញ​យើង​សន្និដ្ឋានបានថា​ពុំមែន​ជា​អក្សរ​ចារ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ទេ​ព្រោះ​អក្សរ​មាន​រាង​មូល​ខុសពី​អក្សរ​ក្នុង​រាជ្យ​ព្រះអង្គរ​ដែល​ច្រើន​មាន​រាង​ជ្រុង​។​ដូច្នេះ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បានស្នើ​ឱ្យ​CIK​ជួយ​ពិនិត្យ​ដើម្បី​ចុះបញ្ជី​លេខ​សម្គាល់​។​

​ក្រោយ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាម​លក្ខណៈ​បច្ចេកទេស​លើ​ព័ត៌មាន​មួយចំនួន​ដែល​ទទួលបាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា CIK បាន​រកឃើញថា សិលាចារឹក​នេះ ពិតជា​សិលាចារឹក​ដែល​ពុំទាន់​បាន​ចុះបញ្ជី​នៅឡើយ​មែន ទើប CIK បានសម្រេច​ចុះបញ្ជី​សិលាចារឹក​ប្រាសាទទន្លេស្ងួត K.1459​។​

​លោក​បន្តថា​ចំពោះ​ចំនួន​សិលាចារឹក​ជា​ភាសា​ខ្មែរ​ក្តី​ជា​ភាសាសំស្ក្រឹត​ក្តី​ដែល​បាន​រកឃើញ​នៅលើ​ទឹកដី​កម្ពុជា និង​នៅលើ​អតីត​ទឹកដី​កម្ពុជា​ដែល​បាន​ចុះបញ្ជី​រួច ចាប់ពី​ទស្សវត្សរ៍​ឆ្នាំ​១៩២០ ដែលមាន​លោក GeorgeCœdès​ជា​អ្នក​ដំបូង​គេ​ក្នុងការ​ផ្តួចផ្តើម​រៀបចំ​ចុះបញ្ជី​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​មាន​ចំនួន​១.៤៥៩ រួមទាំង​សិលាចារឹក​ប្រាសាទទន្លេស្ងួត​ដែល​ទើប​ចុះបញ្ជី​រួច​ថ្មីៗ​នេះ​ផង​។

​លោក​ទិន​ទីណា​បានបញ្ជាក់​បន្ថែមថា​ចំពោះ​អក្សរ​K​ដែល​ដាក់​នៅ​ពីមុខ​លេខ​នៃ​លេខ​សម្គាល់​សិលាចារឹក​នីមួយៗ​គឺជា​អក្សរ​សម្គាល់​អត្តសញ្ញាណ​សិលាចារឹក​ខ្មែរ​។​ដោយឡែក​ចំពោះ​ខ្លឹមសារ​សិលាចារឹក​ទន្លេ​ស្ងួត​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សហការ​ជាមួយ​លោក​DominicGoodal​អ្នកជំនាញ​ខាង​ផ្នែក​ភាសាសំស្ក្រឹត និង​លោក Dominique Soutif សមាជិក​ស្ថាប័ន​សាលា​បារាំង​ចុង​បូព៌ា​(​លោក​ទាំងពីរ​ក៏​ជា​សមាជិក CIK)​ដើម្បី​ប្រែ​សិលាចារឹក​ថ្មី​នេះ​៕

   

adm

Leave a Reply

Your email address will not be published. Required fields are marked *