ព័ត៌មានជាតិ

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុសម្រេចបាន ៩៩.៩២ភាគរយហើយ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានប្រសាសន៍ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែ ក្រុងព្រះសីហនុមកដល់បច្ចុប្បន្នការស្ថាបនាផ្លូវ ៣៤ខ្សែចាក់បេតុងបាន ៩៩.៩២ភាគរយ លូបាន១០០ភាគរយ និងកំពុងបន្តរៀបខឿន ក្រាលថ្មក្រានីតផ្លូវថ្មើរជើង ផ្លូវជិះកង់ និងដាំដើមឈើ។ល។ ហើយនៅមានការងារដែលត្រូវធ្វើជាច្រើនទៀត។

ឯកឧត្តមមានប្រសាសន៍បែបនេះពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញដែលបានមកចូលរួមវាស់វែងក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តមបន្តថា ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីររៀបចំដែនដីរាជធានីភ្នំពេញបានចូលរួមក្នុងការចុះវាស់វែងឈានដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះឡើង ដែលមានអង្គភាពចំនួន២ និងក្រុមហ៊ុនចំនួន៦។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថាវិស័យសំណង់នៅខេត្តព្រះសីហនុបានរីកដុះដាល ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង៣៤ខ្សែ ដែលបានបន្សល់ទុកនូវសមិទ្ធផលទាំងនេះ។ ផ្លូវនិងសំណង់បង្កើនសេដ្ឋកិច្ចជាប្រព័ន្ធក្នុងស្រុក ចាប់ផ្តើមពីដំណើរការសាងសង់អភិវឌ្ឍន៍ខេត្ត។ លោកក៌បានបន្ថែមទៀតថាមន្ទីរបានបំពេញការងារដោះស្រាយបញ្ហាមួយចំនួនដូចជា អគារបូឌិញនៅភ្នំពេញ ខេត្តព្រះសីហនុ និងបន្តទៅខេត្តរតនគិរីនៅពេលខាងមុខ ហើយនៅមានវិសាលភាពកាន់តែធំដែលត្រូវរួមគ្នាដោះស្រាយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន និងកំពុងដាក់ឱ្យប្រើប្រាស់នាពេលនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មន្ត្រីនៃមន្ទីរៀបចំដែនដីរាជធានីភ្នំពេញ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមវាស់វែងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ  ប្រវែង ៨២,៥០៥ម៉ែត្រ ប្រកបដោយមោទនភាព។ ទន្ទឹមនោះក៍បានចូលរួមត្រួតពិនិត្យគុណភាពសំណង់ក្នុងខេត្តព្រះសីហនុ មានចំនួន ១,៥៨០ការដ្ឋានផងដែរ។ ហើយសមិទ្ធផលកើតនៅខេត្តព្រះសីហនុ ជាការចូលរួមរបស់មន្ត្រីរៀបចំដែនដីរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបន្តថា ខេត្តមានកោះចំនួន៣២មានឆ្នេរជាច្រើនកន្លែង ដែលរាជរដ្ឋាភិបាលចាត់ទុកជាតារារះនាទិសនារតី ផ្តល់ភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៣០ ប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពតាមរយៈការអភិវឌ្ឍទីក្រុងវៃឆ្លាត ទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប។ ខេត្តព្រះសីហនុ មានសក្តានុពលក្នុងការដឹកជញ្ជូនមានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសកំពង់ផែទឹកជ្រៅនៅកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូល ម្យ៉ាងទៀតកំពង់ផែមិនមានកំណើនអន់ថយនោះទេ នៅតែបន្តសកម្មភាពលើកដាក់ទំនិញយ៉ាងមមាញឹក ហើយកំពុងបន្តអភិវឌ្ឍជម្រៅទឹកកាន់តែជ្រៅតាមជំហានទី១ ជំហានទី២ និងជំហានទី៣ បន្តបន្ទាប់។ព្រលានយន្តហោះអន្តរជាតិ កំពុងពង្រីកវិសាលភាពទីលានចុះចតពី ២,៥០០ម៉ែត្រ ទៅ ៣,២០០ម៉ែត្រ ដើម្បីឱ្យយន្តហោះមានកៅអី ៣ជួរចុះចតបាន សម្រាប់ទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានបើកការដ្ឋានស្ថាននាផ្លូវល្បឿនលៀនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងសាងសង់រួចរាល់នៅចុងឆ្នាំ២០២២ខាងមុខ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការពីរទី១ ស្លឹកត្នោតខ្ចប់ស្ករត្នោតប្រគល់ឱ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) កសាងផ្លូវក្រុងព្រះសីហនុ ៣៤ខ្សែ ប្រវែង ៨២,៥០៥ម៉ែត្រ សម្រេចបាន៩៩,៩២ភាគរយ លូបាន១០០ភាគរយ នៅបន្តបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវនឹងបើកឱ្យដំណើការសាកល្បង នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះផងដែរ និងបន្តដាំដើមឈើ និងផ្កា ដើម្បីបង្កើនសោភណ្ឌភាព បរិស្ថាន បន្តអ៊ុតកៅស៊ូនៅដើមខែធ្នូខាងមុខ និងគំនូសចរាចរណ៍។ សម្តេចតេជោ ក៏បានប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០លានដុល្លារ អនុវត្តដោយក្រសួងសធារណការ និងដឹកជញ្ជូន ស្ថាប នាផ្លូវ ១១ខ្សែ ជួយសម្រួលចរាចរណ៍ និងការស្តារអូរឈើទាល និងខ្នែងប្រវែង ១៦,៤៦០ម៉ែត្រ និងអូរធម្មជាតិ ៥ខ្សែ ប្រវែង ១១,០៨៧ ម៉ែត្រ។ ផ្តើមចេញពីកត្តាសន្តិភាព បានកើតចេញនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានអត្ថន័យ០៣ ខ្មែរធ្វើបាន (គឺខ្មែរគិត ខ្មែរធ្វើ និងលុយរបស់ខ្មែរ)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *