ព័ត៌មានជាតិ

ត្រឹម​រយៈពេល​បី​ថ្ងៃ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ជាង​៥០​ម៉ឺន​នាក់​ទូទាំង​ពិភពលោក

អន្តរជាតិ​៖ យោងទៅតាម​តួលេខ​ស្តីពី​ចំនួន​អ្នក​ឆ្លង និង​ស្លាប់ ដោយ​វីរុស​កូ​វីដ​១៩ តាម​គេហទំព័រ worldometer បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ទូទាំង​សកលលោក ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ បាន​កើន​ដល់​១១.៥៤៣.៥៣៤​នាក់​។​ក្នុងនោះ​មាន​៥៣៦.៣៤៤​នាក់ បាន​ស្លាប់ និង​អ្នកជំងឺ​ជាង​៦,៥​លាន​នាក់​បានជា​សះស្បើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​នៅ​ទូទាំង​សកលលោក​ចំនួន​នៃ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​មាន​ត្រឹមតែ​១១.០០១.០២៣​នាក់​តែ​ប៉ុ​ណ្នោះ​។​ជាមួយគ្នា​នោះ​ក្នុង​ចំនួន​អ្នក​ឆ្លង​ទាំងនោះ ទ្វីបអាមេរិក​ខាងជើង មាន​អត្រា​នៃ​ការឆ្លង​ច្រើនជាងគេ ដែលមាន​ចំនួន​ជាង​៣,៤​លាន​នាក់ ។​ក្នុងនោះ​មាន​មនុស្ស​ជាង​១៧​ម៉ឺន​នាក់ បាន​ស្លាប់​និង​អ្នកជំងឺ​ជាង​១.៥​លាន​នាក់​បានជា​សះស្បើយ​។ ចំនួន​នេះ​ភាគច្រើន មាននៅ​សហរដ្ឋអាមេរិក ដែលមាន​អ្នក​ឆ្លង​សរុប​ជិត​៣ លាន​នាក់​។​

​ជាមួយនឹង​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ខាងលើនេះ​នាពេល​ថ្មីៗ​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​៤​ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ បានឱ្យដឹងថា អង្គការ​សុខភាព​ពិភពលោក​WHO​បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ដែល​រងគ្រោះ​ដោយ​កូ​វីដ​១៩​ឱ្យ​ភ្ញាក់ខ្លួន​។​លើ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៅក្នុង​ប្រទេស​របស់ខ្លួន​ហើយ​គួរ​ចាត់​វិធាន​បន្ថែម​ដើម្បី​គ្រប់គ្រង​ការឆ្លង​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន​។​

​លោក ម៉ៃ​ខឺ​ល រី​យ៉ាន (Michael Ryan) ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​«​យើង​ចាំបាច់​ត្រូវតែ​ភ្ញាក់ខ្លួន​ឡើងវិញ​ទិន្នន័យ​ដែល​យើង​ចេញផ្សាយ​មិនមែនជា​រឿង​បោក​បញ្ឆោត​ហើយ​ស្ថានការណ៍​ជាក់ស្តែង​ក៏​មិនមែន​ការ​ជាការ​ក្លែងបន្លំ​ដែរ​»​។​

រហូតមក​ទល់នឹង​ពេលនេះ នៅ​ជុំវិញ​ពិភពលោក​មាន​ករណី​ឆ្លង​កូ​វូដ​១៩​យ៉ាងហោចណាស់ ១១​លាន​ករណី​។​ក្នុងនោះ​មនុស្ស​ស្លាប់​ជាង​១២៩.០០០​នាក់​ខណៈដែល​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេបង្អស់ ខណៈ​ប្រេ​ស៊ី​ល​ស្ថិតនៅ​បន្ទាប់​។​

​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​WHO​បាន​និយាយថា​មាន​ប្រទេស​ជាច្រើន​ដែល​កំពុងធ្វើការ​ព្រងើយ​កន្តើយ នឹង​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ទោះជា​យ៉ាងនេះ​ក្តី វា​មិនទាន់​យឺត​ពេល​ទេ ដែល​យើង​អាច​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ​។

WHO បាន​បន្តទៀតថា សេដ្ឋកិច្ច​ជាហេតុ​ផល​ចាំបាច់ ដែល​ជំរុញ​ឱ្យ​ប្រទេស​នីមួយៗ​ចង់​បើក​ប្រទេស​សម្រាប់ធ្វើ​អាជីវកម្ម​ឡើងវិញ​។​វា​ជា​រឿង​សម​ហេតុផល​ប៉ុន្តែ​យើង​មិនអាច​ធ្វេស​ប្រហែល​បានឡើយ​ព្រោះ​ជំងឺ​នេះ​នឹង​មិនអាច​បាត់ទៅ​វិញ​ដោយ​វេទមន្ត​នោះទេ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *