ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម អ៊ិត សំហេង ជំរុញឲ្យប្រជាពលរដ្ឋបន្តការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល, រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង បានជំរុញឲ្យប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។

ឯកឧត្តមរដ្ឋមន្រ្តី ប្រកាសបែបនេះក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១៩២គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមបឹងកេងកង។ ឯកឧត្តមបន្ថែមថា បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាអោយបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុល អោយបានញឹកញាប់។ ឯកឧត្តមរំលឹកថា កូវីដ-១៩ គឺជាជំងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមាន រឺអ្នកក្រ ចាស់ រឺក្មេង សុទ្ធតែអាចប្រឈមនឹងការឆ្លងប្រសិនណាមិនបានការពារអោយបានភ្ជាប់ភ្ជួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថាមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។

ក្នុងឱកាសនេះឯកឧត្តម​ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល​ កុំឲ្យឆ្លងជំងឺផ្សេង​ៗ​ ជាពិសេសជំងឺកូវីដ១៩​ ដែលកំពុងរីករាលដាលនេះ​ ដេីម្បីបងប្អូនមានសុខភាពល្អ។

ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៩២គ្រួសារនេះ ដោយ០១គ្រួសារទទួលបានសម្ភារៈដូចជា ៖ អង្ករ ១០គីឡូក្រាម ទឹកត្រី០១ដប ទឹកស៊ីអ៊ីវ០១ដប ត្រីខ០២កំប៉ុង ស្ករស០១គីឡូក្រាម អំបិល០១គីឡូក្រាម មី១០កញ្ចប់ សាប៊ូ០១ដុំ ម៉ាស១០សន្លឹក ក្រមា០១ អាល់កុល០១ដបតូច និងថវិកា ២០ ០០០រៀល ក្នុង១គ្រួសារ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *