ព័ត៌មានជាតិ

ជប៉ុនផ្ដល់ជំនួយឥតសំណង ៤១,៤លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងចំនួន ៣នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៤.៥០១ លានយ៉េន ប្រមាណជា៤១,៤លានដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងចំនួនបីនៅកម្ពុជា នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ។

ចំពោះគម្រោង ដែលត្រូវអនុវត្តន៍ ឯកអគរដ្ឋទូតជប៉ុន ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ បានបញ្ជាក់ គម្រោងទី១.គឺធ្វើឱ្យប្រសើរឡើង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទឹកប្រាក់ចំនួន២.១៥៣លានយ៉េនប្រមាណ១៩,៦លានដុល្លារអាមេរិក ដើម្បីសាងសង់អគារពេទ្យនិងការតម្លើងសម្ភារៈវេជ្ជសាស្រ្តផ្សេងៗ។ គម្រោងទី២គឺកម្មវិធីអាហារូបករណ៍សំរាប់ការអភិវឌ្ឍន៍ធនធានមនុស្សមានទឹកប្រាក់ចំនួន៣៤៨លានយ៉េនប្រមាណ៣,២លានដុល្លារអាមេរិក ដើម្បីផ្តល់ឱកាសដល់មន្រ្តីកម្ពុជាវ័យក្មេងឱ្យទៅសិក្សានៅថ្នាក់ក្រោមឧត្តមសិក្សានៅប្រទេសជប៉ុន ហើយចាប់តាំងពីឆ្នាំ២០០១មន្រ្តីកម្ពុជាជាង៤០០នាក់បានទៅសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងនេះ និងគម្រោងទី៣ គឺកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រ សម្រាប់ការការពារនិងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ចំនួន២.០០០លានយ៉េន ប្រមាណ១៨,៤០លានដុល្លារអាមេរិក។

ឯកអគ្គរដ្ឋទូតជប៉ុនសង្ឃឹថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសរថែមទៀត។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយដ៍មានសារៈសំខាន់ ក្នុងការរួមចំណែកស្ដារ និងអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើនរួមមាន ៖ ការបោសសំអាតមីន ,ការលើកកម្ពស់ សុខភាព អនាម័យជនបទ,ផ្គត់ផ្គង់ទឹកស្អាត, បណ្ពោះបណ្ដាលធនធានមនុស្ស ,វិស័យវប្បធម៌ , វិស័យអប់រំ ប្រព័ន្ធគមនាគមន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។

គួររំលឹកថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសរុបចំនួន៣៤.១៣៨ លានយ៉េនប្រមាណ៣១០លានដុល្លារអាមេរិក សម្រាប់ ពង្រីកការផ្គត់ផ្គង់ទឹក នៅក្រុងតាខ្មៅ ការបោសសំអាតមីន និងជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនិងការធ្វើឲ្យប្រសើរឡើងនៃផ្លូវជាតិលេខ៥៕

adm

Leave a Reply

Your email address will not be published. Required fields are marked *