ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បន្តអំពាវនាវឲ្យមានការប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩ ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ឲ្យសោះ។

សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។

សម្តេចបន្តថា មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។

សម្តេចបន្តទៀតថា មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។

សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នា​ ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *