ព័ត៌មានជាតិ

​យានយន្ត​ល្មើសច្បាប់​ជិត​បី​ម៉ឺន​គ្រឿង​រង​ការផាកពិន័យ​ក្នុង​យុទ្ធនាការ​១៨​ថ្ងៃ

ភ្នំពេញ​៖​យានយន្ត​ប្រមាណ​ជិត​បី​ម៉ឺន​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ​និង​ផាកពិន័យ​នៅ​ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ច​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​រយៈពេល ១៨​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹង​​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា​ថា​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​១៨​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ ។​គឺ​យានយន្ត​ដល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៧.៧០២​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ២០.៣៨៨​គ្រឿង និង​រថយន្ត​មាន​ចំនួន ៧.៣១៥​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា សម្រាប់​ការអនុវត្ត​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​១៨ ខែឧសភា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន ១.០៣៤​គ្រឿង ។​ក្នុងនោះ​ម៉ូតូ​ចំនួន ៧៧៥​គ្រឿង និង​រថយន្ត​ចំនួន ២៥៩​គ្រឿង​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា ស្រវឹង និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។

​ឯ​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន មិន​ពាក់​ខ្សែក្រវាត់ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​លោក​បាន​បន្តទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែឧសភា កើតឡើង​ចំនួន​៩ លើក ស្លាប់​ចំនួន ៥​នាក់ និង​របួស​ចំនួន ១១​នាក់ ក្នុងនោះ​របួសធ្ងន់ ៧​នាក់​។​

​ទាក់ទង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា លទ្ធផល​ជា​វិជ្ជមាន​ប្រកបដោយ​និន្នាការ​ដ៏​ល្អ​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់ អ្នករងរបួស និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៅក្នុង​ខែឧសភា​ឆ្នាំ​២០២០​មានការ​ថយចុះ​គួរកត់សម្គាល់​។​បើ​ប្រៀបធៀប​នឹង​ពេលមុន​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០៕​សុភាព​

​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

adm

Leave a Reply

Your email address will not be published. Required fields are marked *