ព័ត៌មានជាតិ

កម្មករ កម្មការិនីព្យួរការងារប្រមាណ៣០០នាក់ទទួលវគ្គបណ្តុះបណ្តាលជំនាញទន់ពីក្រសួងការងារ

ខេត្តកណ្តាល ៖ កម្មករ កម្មការិនីព្យួរការងារប្រមាណ៣០០នាក់ នៅរោងចក្រ ហ្គោលដិនផ្លាសថេកស្ដាយ & ហ្គាមិន ដែលមានទីតាំងស្ថិតនៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា ៖ ១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ។ ២.ការបំពេញការងារជាក្រុម។ ៣.មូលដ្ឋានច្បាប់ស្ដីពីការងារ។ ៤.នីតិដោះស្រាយវិវាទការងារ។ ៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត។ ៦.អត្ថប្រយោជន៍ ប.ស.ស និង៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19។

មុនចាប់ផ្តើម វគ្គបណ្តុះបណ្តាលនេះ លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍លើកឡើងថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺCOVID-19 រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំ ស្តីពីជំងឺCOVID-19 នេះដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្ដល់ចំណេះដឹងពីសុខភាពសាធារណៈលើការបង្ការខ្លួនឲ្យចៀសផុតពីការឆ្លង។ លោកបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺCOVID-19។

លោក ប្រាក់ ចាន់ធឿន បានលើកឡើងបន្តថា ដោយសារជំងឺCOVID-19នេះ បានបណ្តាលរោងចក្រសហគ្រាសប្រមាណ២០០ហើយ ដែលត្រូវបានព្យួរធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់។ លោកថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែល ស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

លោករដ្ឋលេខាធិការ បានជម្រាបជូនបងប្អូនកម្មករនិយោជិតបន្ថែមថា ទោះបីជាជំងឺCOVID-19 ឆ្លងតិចនៅកម្ពុជា ហើយបានជាសះស្បើយច្រើនក៏ពិតមែន តែពិភពលោកទាំងមូល ក៏ដូចជាប្រជាជននិងរាជរដ្ឋាភិបាលក៏នៅតែមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជាថ្មីនៃមេរោគកូវីដ-១៩នេះ ល្គឹកណា គេមិនទាន់រកឃើញវាក់សាំងការពារនៅឡើយ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវដល់ បងប្អូនកម្មករ កម្មការិនីក្នុងរោងចក្រនេះ ត្រូវតែប្រុងប្រយ័ត្ន កុំធ្វេសប្រហែស ភ្លេចខ្លួន និងខិតខំចូលរួមអនុវត្តនូវរាល់វិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រោះថាវិធានការរបស់រាជរដ្ឋាភិបាល គឺជាការគិតគូដល់សុខទុក្ខ ការការពារពីការឆ្លងមេរោគCOVID-19 ការពារផលប្រយោជន៍ជាក់ស្ដែងរបស់បងប្អូនម្នាក់ៗពិតប្រាកដ ស្របតាមសភាពការណ៍ជាក់ស្ដែង។

ជាមួយគ្នានោះ លោកក៏បានក្រើនរំឮក ដល់បងប្អូនកម្មករនិយោជិត ត្រូវតែខិតខំ ថែរក្សាអនាម័យជាប្រចាំហើយតាមដានស្ដាប់ព័ត៌មានពីក្រសួងសុខាភិបាល កុំជឿលើព័ត៌មានដែលចេញពីប្រភពផ្សេងៗ ក្រៅពីក្រសួងសុខាភិបាល ឬព័ត៌មានពាក់ព័ន្ធនិងជំងឺCOVID-19 ពីប្រភពមិនច្បាស់លាស់ អាចជាព័ត៌មានញុះញង់ បំភ្លៃ បំភិតបំភ័យ នាំឱ្យមានការឆ្លងថ្មីដល់ខ្លួន ក្រុមគ្រួសារ មិត្តភ័ក្រ និងសង្គមជាតិទាំងមូលទៀតផង។ ទន្ទឹមនេះដែរ លោកបានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករនិយោជិតទាំងអស់ត្រូវតែខំគោរពច្បាប់ចរាចរណ៍ ព្រោះនៅកម្ពុជារយៈកាលកន្លងមកនេះ ការឆ្លងជំងឺCOVID-19 ពុំបណ្ដាលឱ្យមានអ្នកស្លាប់នោះទេ តែផ្ទុយទៅវិញការស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមនុស្សស្លាប់១ថ្ងៃ ពី៤ ទៅ៥នាក់ និងរបួសជាច្រើននាក់ទៀត និងដើម្បីការពារអាយុជីវិត កម្មករនិយោជិត រាជរដ្ឋាភិបាលសម្រេចយកឆ្នាំ២០២០នេះ ដើម្បីរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ហេតុនេះសូមបងប្អូនខិតខំគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *