ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០៥គ្រួសារ នៅស្រុកមុខកំពូលទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល ៖ ជាការឆ្លើយតបចំពោះទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាករបស់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅនេះ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ព្រមទាំង លោកអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុក បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣០៥គ្រួសារ ស្ថិតឃុំចំនួន៤ក្នុងស្រុកមុខកំពូល រួមមានឃុំព្រែកដំបងចំនួន ៣០០គ្រសារ ឃុំស្វាយអំពារ ១គ្រួសារ ឃុំឬស្សីជ្រោយ ១គ្រួសារ និងឃុំរកាកោង១ មាន ៣គ្រួសារ។

លោក គង់ សោភ័ណ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។ ទន្ទឹមនោះលោកក៏បានលើកទឹកចិត្តដល់គ្រួសារងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀតដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួនដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើឡើងវិញ។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានធ្វើការអំពាវនាវដល់គ្រួសាររង់គ្រោះទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលទើបតែដាក់ចេញនូវច្បាប់ថ្មី ជៀសវាងមានការផាកពិន័យធ្ងន់ធ្ងរ ត្រូវ ពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់ កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសូមចៀស ឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ និងសង្គមជាតិ។

សូមជំរាបដែរថា អំណោយមនុស្សធម៌ដែលយកមកចែកជូនគ្រួសាររង់គ្រោះទាំង៣០៥គ្រួសារនាពេលនេះអំណោយដែលសាខាកាកបាតក្រហមកម្ពុជា ខេត្តកណ្ដាល បានចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ សម្រាប់អំណោយជាគ្រឿងឧបភោពបរិភោគ សម្រាប់គ្រួសារនីមួយៗ មាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកដោះគោ ៦ដប ម៉ាស់ ១០ អាល់កុល ១ដប សាប៊ូម្សៅ ១កញ្ចប់ ឆៃប៉ូវ ១គីឡូក្រាម ខ្ទឹមស ០.៥គីឡូក្រាម។ ដោយឡែកចំពោះគ្រួសាររងគ្រោះរលំផ្ទះទាំងស្រង និងមានជីវភាពក្រីក្រចំនួន ២ផ្ទះ ត្រូវបានឯកឧត្ដមឧបត្ថម្ភ នូវសសរផ្ទះ ក្នុងមួយគ្រួសារ ចំនួន ៦ដើម និងថវិកា ៣លានរៀល និងបានឧបត្ថម្ភដល់មួយគ្រួសារ នូវសសរផ្ទះ ចំនួន ៦ដើម និងថវិកា ២លានរៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *