ព័ត៌មានជាតិ

ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌

ខេត្តស្វាយរៀង ៖ លោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្វាយរៀងបានសហការជាមួយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណៈលើវិស័យវប្បធម៌។

ពិធីនេះធ្វើឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះដោយមានការនិមន្ត និងអញ្ជើញចូលពី ព្រះចៅអធិការវត្តសិរីសោភា លោក លោកស្រីជាអនុប្រធានមន្ទីរទេសចរណ៍ខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត លោករងអភិបាល ស្រុកស្វាយជ្រំ លោកមេឃុំបាសាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិទាំង៥នៃឃុំបាសាក់ ប៉ូលិសនគរបាលបេតិកភណ្ឌខេត្តប្រជាពលរដ្ឋ និងសិស្សានុសិស្សនៃអនុវិទ្យាល័យបាសាក់ សរុបប្រមាណ១៨០ នាក់បានចូលរួមការផ្សព្វផ្សាយច្បាប់ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ និងបញ្រ្ជាបចំណេះដឹងជាសាធារណ:លើវិស័យវប្បធម៌ដែលបទល្មើសនៃការជួញដូរ ចរាចរ បំផ្លិចបំផ្លាញនិងការជីករុករកវត្ថុបុរាណដោយខុសច្បាប់នៅវត្តសិរីសោភា ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមលោក ហួត សំណាង នាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ឲ្យដឹងថា ច្បាប់បេតិកភណ្ឌវប្បធម៌ និងច្បាប់មាត្រាលេខ៦៣នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ បើជនណាម្នាក់ លក់ ផ្ទេរកម្មសិទ្ធិ បំផ្លិចបំផ្លាញ ពង្រិចពង្រឹល បំប្លែងរូបរាង ស្ថាបនាឡើងវិញ ជីករុករកវាស់ស្ទង់លើដី ក្រោមដី ប៉ុនប៉ង នាំចេញ នាំចូល ប្តូរទីតាំងជួសជុលឡើងវិញដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬអាជ្ញាធរមានសមត្ថកិច្ចនោះជនល្មើសនឹងត្រូវជាប់ទោសតាមច្បាប់ខាងលើនឹងត្រូវជាប់ពន្ធនាគារពី៦ខែដល់៥ឆ្នាំ និងពិន័យជាប្រាក់ឬដាក់ទោស២ឆ្នាំដល់៨ឆ្នាំ និងពិន័យជាប្រាក់ទ្វេដងតាមការប៉ាន់ស្មានរបស់អ្នកជំនាញ។

លោកស្រី ឥន្ទ ណាគ្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមស្តាប់ការផ្សព្វផ្សាយអំពីច្បាប់បេតិកភណ្ឌវប្បធម៌ជាតិនិងសូមមេត្តាយោគយល់ គោរពតាមច្បាប់និងជួយថែរក្សា អភិរក្ស ទីទួលបុរាណ ប្រាសាទបុរាណ អោយបានល្អទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង។

សូមជំរាបផងដែរថា នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងក៏មានសេសសល់នូវប្រាសាទបាក់បែកចំនួន២កន្លែងផងដែរ គឺប្រាសាទបាសាក់ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ ដែលស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង និងមានទួលបុរាណចំនួន៦៧៣កន្លែង។

លោកស្រី ប្រធានក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅទស្សនារមណីដ្ឋានព្រៃបាសាក់ និងប្រាសាទជាហោមិនឆ្ងាយទេ ពីស្រុករមាសហែកផ្លូវស្រួលទេផ្លូវរថយន្តចូលទៅដល់ប្រាសាទតែម្តងក្រុមការងារមន្ទីរវប្បធម៌បានទិញបង់ដាក់ជូនបងប្អូនអង្គុយលេង ឬដើរកំសាន្តមើលព្រៃតាមសប្បាយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *