ព័ត៌មានជាតិ

សេនានុព័ន្ធក្រសួងសន្តិសុខអាមេរិកសន្យាបន្តពង្រឹងសហប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Benjamin Wohlauer អនុប្រធានបេសកកម្មការទូត ប្រចាំស្ថានទូតសហរដ្ឋមេរិក ដែលទើបត្រូវបានតែងតាំងថ្មី និងលោក Russell Bash សេនានុព័ន្ធ តំណាងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។

ខ្លឹមសារសំខាន់នៃជំនួបពិភាក្សានេះ គឺផ្តោតសំខាន់ ទី១. លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងអាណត្តិការងារថ្មីរបស់លោក Benjamin Wohlauer ជាអនុប្រធានបេសកកម្មការទូត ដោយមានមូលដ្ឋានផ្អែកលើអនុស្សរណនៃការយោគយល់គ្នា ដែលមានស្រាប់ និងទី២. មានបំណងស្វែងយល់អំពីតម្រូវការចាំបាច់ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលភាគីសហរដ្ឋអាមេរិកអាចផ្តល់ជូន សំដៅជួយគ្នាទៅវិញទៅមក លើការងារអនុវត្តច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសអន្តោប្រវេសន៍ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់ជូនថា ក្នុងអាណត្តិការងារថ្មីរបស់លោក Benjamin Wohlauer អនុប្រធានបេសកកម្មការទូត កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ លើវិស័យអន្តោប្រវេសន៍ នឹងកាន់តែល្អប្រសើរថែមទៀត តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេសផ្សេងៗ ដែលជាតម្រូវចាំបាច់សម្រាប់មន្រ្តីអនុវត្តច្បាប់កម្ពុជា។

ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានថ្លែងអំណរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់ ជួយដល់កម្ពុជាលើវិស័យអនុវត្តច្បាប់តាមរយៈការផ្តល់ជាជំនួយបច្ចេកទេស និងការផ្តល់វគ្គសិក្សាជំនាញ និងសិក្ខាសាលាចែករំលែកបទពិសោធន៍ពាក់ព័ន្ធដល់មន្រ្តីអនុវត្តច្បាប់កម្ពុជានាពេលកន្លងមក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *