ព័ត៌មានជាតិ

អភិបាលខេត្តណែនាំដល់ក្រុមហ៊ុនទទួលសាង សង់អគាររដ្ឋបាលសាលាខេត្តថ្មីត្រូវពន្លឿនការសាងសង់ និងអនុវត្តតាមបទបដ្ឋានបច្ចេកទេស

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់ នៅសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។

គួររំលឹកដែលថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវានៅសាលាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះ ដែលការដ្ឋានសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០កន្លងទៅ។ អគាររដ្ឋបាលថ្មីនេះមានទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម៉ែត្រ កម្ពស់៣ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *