ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពីព្រះចៅអធិការវត្តប្រាសាទ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ០១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះឧត្តមធម្ម​ សោម ស៊ីម ព្រះធម្មធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ស្ថិតនៅសង្កាត់ពញពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដោយអនុវត្តតាម​គោលការណ៍​កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ នឹងធ្វើការងារបែងចែកនូវទេយ្យទាន​នេះជាអំណោយសប្បុរសធម៌។

អំណោយដែលត្រូវប្រគល់ជូននេះ រួមមាន អង្ករ៥តោន, ទឹកសុទ្ធ១៥០កេស, ទឹកក្រូច៧០កេស, ទឹកត្រី ៨០យួរ, ទឹកស៊ីអ៊ីវ ៧០យួរ, ទឹកដោះគោ ៧កេស, ត្រីខ ៩០យួរ, មី១៥០កេស, ប្រេងឆា២៨ធុង, ស្ករស ១៥០គីឡូក្រាម, អំបិល ១៦០គីឡូក្រាម, សម្ភារប្រើប្រាស់ផ្ទះបាយ ៨ឈុត សរុបទាំងអស់ជិត២២លានរៀល និងថវិកា ៣,០០០ដុល្លារផងដែរ។

ក្នុងឱកាសនោះ ព្រះឧត្តមធម្ម សោម ស៊ីម បានមានសង្ឃដីកា ថ្លែងនូវអំណរអរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែ យកចិត្តទុកដាក់ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយជានិច្ចជាកាលសម្ដេចតែងតែជួយ ដោយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ ទន្ទឹមនោះព្រះឧត្តមធម្មសោម ស៊ីម ក៏បានសម្ដែងនូវការអរគុណ ចំពោះ អាជ្ញាធររាជធានីភ្នំពេញ ពិសេស លោក ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ ដោយបានកសាងផ្លូវចូលវត្តមួយខ្សែ ដើម្បីសម្រួលពុទ្ធបរិស័ទ និងព្រះសង្ឃបាននិមន្ត និងធ្វើដំណើរបានស្រួល។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការប្រគល់នូវទេយ្យទាន និងថវិការបស់ព្រះឧត្តមធម្ម សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ មកសាខាកាកបាទក្រហមរាជធានីភ្នំពេញនេះ គឺពិតជាបានបង្ហាញឲ្យឃើញ ពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបញ្ជាក់ថា ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា មានន័យថា បើអាណាចក្រមានការរីកចម្រើនពុទ្ធចក្រ ក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រ ក៏ជួបបញ្ហាដែរ។ ជាក់ស្ដែងនៅក្នុងសម័យ ប៉ុល ពត អាណាចក្របានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានលើកឡើង ពីបញ្ហាជំងឺរាតត្បាតនៅលើពិភពលោក ដែលកម្ពុជាបាននិងកំពុងប្រឈមទៅនឹងជំងឺកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានការពារ និងទប់ស្កាត់បានយ៉ាងល្អប្រសើរ ដោយមកដល់ពេលនេះ មិនមានមនុស្សណាម្នាក់ស្លាប់ដោយជំងឺនេះឡើយ។

ឯកឧត្តមបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះឧត្តមធម្ម សោម ស៊ីម ដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះ ជូនមកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ។

ក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញ ឯកឧត្តមនឹងយកទេយ្យទានទាំងនេះ ទៅធ្វើសកម្មភាពឲ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជា តមតាមការណែនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រ ចាស់ជរា និងក្រុមគ្រួសារមានផ្ទុករោគអេដស៍ជាដើម៕

adm

Leave a Reply

Your email address will not be published. Required fields are marked *